ផ្ទុះ​ការរិះគន់​ និង​ព្រមាន​ប្តឹង​ពី​ផលិតករ​ថៃ​ករណី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​លួច​ចម្លង​ស្នាដៃ​ខ្លួន​រឿង ពិស​ស្នេហ៍

ភ្នំពេញ ​៖​ នេះ​អាច​ចាត់ទុកជា​រឿង​អាម៉ាស់ ​និង​ភ្ញាក់ផ្អើល​ខ្លាំង​ ក្រោយ​ពេលដែល​ផ្ទុះ​ការ​រិះគន់​យ៉ាង​កក្រើក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រទេស​ថៃ​លើ​ករណី​ភាពយន្ត​រឿង​ភាគ​ខ្មែរ​ ដែល​មាន​ចំណងជើង​ថា ពិស​ស្នេហ៍ ចាក់​បញ្ចាំង​នៅ​ល​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ខណៈ​មានការ​ចោទប្រកាន់ថា​ បាន​លួច​ចម្លង​ស្នាដៃ​របស់​រឿង​ភាគ​ថៃ Pidsawat មក​ថត​ឡើងវិញ។

រឿងរ៉ាវ​នេះ ​បានកើត​ឡើង​ស្រប​ពេលដែល​អ្នកលេង​បណ្ដាញ​សង្គម​ថៃ​កាលពី​ថ្ងៃទី​៣​ ខែតុលា ​បាន​បង្ហោះ​រូបភាព​ដោយ​លើក​ប្រៀបធៀប​រវាង​រឿង​ថៃ​និង​រឿង​ខ្មែរ ពិស​ស្នេហ៍ ដែល​សម្តែង​ដោយ​កញ្ញា ព្រះកាយ​ច័ន្ទ​, ទឹម រដ្ឋា និង​លោក សូ ឆា​នី ថា​មាន​ឈុត​ឆាក​ដូចគ្នា​បេះបិទ​ទៅនឹង​រឿង​ភាគ​ថៃ “Pidsawat” ដែល​សម្តែង​ដោយ Nune Woranut និង Pong Nawat។

តាមរយៈ​នេះ​ភ្លាមៗ​នោះ ​ក៏បាន​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រជាជន​ថៃ​មកលើ​ភាគី​ខ្មែរ​។​ជាមួយគ្នានេះ ​បើ​យោងតាម​ប្រភពព័ត៌មាន​ដែល​ត្រូវបាន​ចុះផ្សាយ​ស្របពេល​ដែល​កើតមាន​ករណីនេះ​ឡើង​ បាន​ឲ្យ​ដឹងថា ​បច្ចុប្បន្ន​អ្នកដឹកនាំ​ក្នុង​រឿង​ថៃ​មួយ​នេះ​កំពុង​រៀបចំ​ឯកសារ​ប្ដឹង​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ របស់​ខ្មែរ​ហើយ​ពាក់ព័ន្ធ​ករណីនេះ​ខាងលើនេះ​ក្រោយពេល​មានការ​រិះគន់​នេះ​ផ្ទុះ​ឡើង៕

Related posts