ភ្នំពេញ ៖ តារាចម្រៀងស្រីល្បីឈ្មោះ បោះសំឡេង អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថា ជាតារាដែលមានសំឡេងពីរោះ ក្រអួនក្រអៅ និង ស្រស់សោភា ហើយជាពិសេស គឺបានទទួលការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនកុះករផងដែរ។រំលឹកមកវិញ កាលពីប៉ុន្មានខែមុន មហាជនប្រាកដជាដឹងច្បាស់រួចមកហើយ រវាង លោក អ៊ឹង សុខលី និង កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបអាពាហ៍ពិពាហ៍ ក្រោមការអបអរពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម អ្នកឧកញ៉ា សាច់ញាតិ មិត្តរួមអាជីព និងអ្នកគាំទ្រ បងប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាសជាដើម..។
ក្នុងនោះដែរ ក្រោយរៀបការរួច លោក អ៊ឹង សុខលី និង កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា គេសង្កេតឃើញថា អ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែម ជាពិសេស ឱក សុគន្ធកញ្ញា ក៏បានប្រកាសពីដំណឹងល្អដល់អ្នកគាំទ្រថា អ្នកនាងក៏កំពុងពពោះកូនក្នុងផ្ទៃ ជាហេតុធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងធ្វើការអបអរសាទរដែល អ្នកនាងនឹងក្លាយជាម្តាយគេជាលើកដំបូង។
ងាកមកវិញ នាថ្ងៃនេះផងដែរ គឺជាថ្ងៃបិណ្ឌទី១ ហើយក៏ជាថ្ងៃកំណើតរបស់ តារាស្រី អ្នកនាង ឱក សុគន្ធកញ្ញា ផងដែរ ហើយអ្នកនាង និងក្រុមគ្រួសារ ក៏បានយកចង្ហាន់មកប្រគេនព្រះសង្ឃផងដែរ។ នេះបើយោងតាមផេកហ្វេសប៊ុករបស់អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះមុននេះបន្តិចថា ៖ «ថ្ងៃនេះជាថ្ងៃបិណ្ឌទី១ ហើយក៏ត្រូវនឹងថ្ងៃទី១៤ ត្រូវជាថ្ងៃកំណើតរបស់នាងខ្ញុំផងដែរ ហើយនាងខ្ញុំ និងក្រុមគ្រួសារ បានយកចង្ហាន់មកប្រគេនព្រះសង្ឃ.. ហើយនាងខ្ញុំ ក៏សូមជូនបុណ្យទៅដល់បងប្អូនជនរួមជាតិទាំងអស់.»។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩៕