ធនាគារ HSBC គ្រោង​កាត់បន្ថយ​បុគ្គលិក​១​ម៉ឺន​នាក់​បន្ថែមទៀត

ធនាគារ HSBC គ្រោង​នឹង​បញ្ឈប់​បុគ្គលិក​រហូតដល់​ទៅ​១​ម៉ឺន​នាក់ នេះ​បើ​យោងតាម​របាយការណ៍​មួយ​ដែល​បានឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ ពោលគឺ​ប៉ុន្មាន​សប្ដាហ៍ បន្ទាប់ពី​ការប្រកាស​អំពី​ការលាឈប់​ពី​តំណែង​របស់​នាយក​ប្រតិបត្តិ​របស់ខ្លួន និង​ការ​កាត់​បុគ្គលិក​៤​នាក់ ដោយ​យក​ហេតុផល​ថា​ព្រោះតែ​ទស្សនវិស័យ​ជា​សាកល​មាន​ភាព​អន់​ខ្សោយ​។​

តាម​ការចុះផ្សាយ​របស់​កាសែត The Financial Times​បានឱ្យដឹងថា ការខាតបង់​ចុងក្រោយ​ដែល​ភាគច្រើន​កើត​លើ​តួនាទី​ដែល​បាន​ប្រាក់ខែ​ខ្ពស់​គឺជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ចំណាយ​ថ្មីៗ ដោយ​មេ​ស្ដីទី​គឺ​លោក Noel Quinn ខណៈដែល​ធនាគារ​កំពុង​តស៊ូ​យ៉ាង​ខ្លាំងក្លា​ក្នុងការ​កែប្រែ​អត្រា​ការប្រាក់​ដែល​ធ្លាក់ចុះ បញ្ហា Brexit ហើយ​និង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អូស​បន្លាយពេល​យ៉ាងយូរ​នោះ​។​

កាសែត​ដដែល​បាន​ដកស្រង់​សម្តី​ថា “​យើង​បានដឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ថា​យើង​ត្រូវតែ​ធ្វើ​អ្វីមួយ​អំពី​មូលដ្ឋាន​នៃ​ការចំណាយ​របស់​យើង ដែល​ក្នុងនោះ​សមាសធាតុ​ដ៏​ធំ​បំផុត​គឺ​ធនធានមនុស្ស​នេះឯង​។ ពេលនេះ​យើង​កំពុង​ដោះស្រាយ​ការលំបាក​បាន​ហើយ​។​”

ធនាគារ​ដែលមាន​ទីស្នាក់កា​រ​កណ្តាល​នៅ​ទីក្រុង​ឡុង​ដ៍​នេះ​កាលពី​ខែ​មុន​បានប្រកាស​អំពី​ការចាកចេញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​នា​យក​ប្រតិបត្តិ​លោក John Flint បន្ទាប់ពី​ឡើងកាន់​តួនាទី​ទើបតែ​បាន​១៨​ខែ​មក​នោះ ប៉ុន្តែ​មិនបាន​បញ្ជាក់​មូលហេតុ​នៃ​ការលាឈប់​ពី​តំណែង​នេះឡើយ​។

ស្របពេល​ជាមួយគ្នានេះ ធនាគារ​បាន​បង្ហាញថា នឹង​កាត់បន្ថយ​កម្លាំង​ពលកម្ម​ជា​សាកល​ឱ្យបាន​២% ឬ​ប្រហែល ៤ ០០០ តួនាទី​អ្នកគ្រប់គ្រង​ភាគច្រើន ក្នុងការ​រៀបចំ​រចនា​សម្ព័ន្ធ​ថ្មី​ដែល​សំដៅ​ដល់​ការតស៊ូ​ក្នុង​ភាព​ជ្រួលច្របល់​របស់​ពិភពលោក​។​

ទោះជា​យ៉ាងណា ប្រាក់ចំណេញ​សុទ្ធ​នៅ​ពាក់កណ្តាល​ឆមាស​ទី​១​របស់​ធនាគារ​បាន​កើនឡើង ១៨,៦% ឬ​ស្មើនឹង ៨,៥​ពាន់​លាន​ដុល្លារ​៕

Related posts