ទម្រាំ​ផ្អែមល្ហែម! សុខ សោ​ម៉ា​វ​ត្តី និង លី វ៉ា​ហេ​ទ ជួប​រឿងរ៉ាវ​ជាច្រើន​រហូត​ពេលខ្លះ​លែងដៃ​គ្នា​ទៀតផង

ភ្នំពេញ ​៖​ គិត​មកទល់​ពេល​បច្ចុប្បន្ននេះ ​មាន​រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​មកហើយ​ ដែល​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី និង​កីឡាករ​បាល់ទាត់​រូប​សង្ហា​លោក លី វ៉ា​ហេ​ទ បាន​សាង​ភាព​ផ្អែមល្ហែម​បង្ហាញ​ឲ្យ​ទស្សនិកជន​បានដឹង​ជា​សាធារណៈ​ បន្ទាប់ពី​ការស្វែងយល់​ចិត្ត​គ្នា​មាន​ទាំង​រឿង​ល្អ​និង​ឧបសគ្គ​ជាច្រើន។

ជាមួយគ្នា​នៃ​ចំណង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​និង​ទទួលបាន​ការលើកសរសើរ​ពី​ទស្សនិកជន​នេះ​ដែរ​ អ្នក​មេម៉ាយ​ចាយ​រាង​ សុខ សោ​ម៉ា​វ​ត្តី ស្រាប់តែ​ថ្មីៗ​នេះ ​បាន​រៀបរាប់​នៅក្នុង​កម្មវិធី​3 Fun ពី​សម្ព័ន្ធភាព​ស្នេហា​របស់​នាង​ថា ​នាង​និង​លោក លី វ៉ា​ហេ​ទ បាន​ស្គាល់គ្នា​ដំបូង​គឺ​អំឡុងពេល​ថត​ខ្សែភាពយន្ត​រឿង ខូចចិត្ត​អាជីព ពេលនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​នាង​និង​កីឡាបាល់ទាត់​រូបនេះ​បាន​នៅ​ជិតគ្នា​រយៈពេល​ប្រមាណ​ជា​១​ខែ​រហូត​មានការ​ស្គាល់ចិត្ត​គំនិត​គ្នា។

តារា​ស្រី​កូន​មួយ​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី បាន​បន្តថា​ ពេលនោះ​ហើយ​ដែល​នាង​និង​លោក លី វ៉ា​ហេ​ទ ចាប់ផ្តើម​មានចិត្ត​លើកគ្នា​ខ្លះ​ តែ​រឿង​ដែលជា​ឧបសគ្គ​ស្នេហ៍​របស់​នាង​នោះ​គឺ​ស្ថិតនៅត្រង់​អាយុ​ដែល​លោក លី វ៉ា​ហេ​ទ មាន​វ័យ​ប្អូន​នាង​រហូតដល់​ទៅ​១០​ឆ្នាំ​ឯ​ណោះ។ ហេតុផល​នេះហើយ​ទើប​ធ្វើ​ឲ្យ​នាង​និង​លោក​លី វ៉ា​ហេ​ទ ធ្លាប់​សម្រេចចិត្ត​លែងដៃ​ដើរចេញ​ពីគ្នា​ជាច្រើនលើក​ច្រើនសា​​ទម្រាំ​បើក​ចិត្ត​ទទួលយក​វិញ​ដោយ​មិនមាន​លក្ខខណ្ឌ​អ្វី​ទៀតឡើយ។

អ្នកនាង សុខ សោ​ម៉ា​វ​ត្តី​បានបញ្ជាក់​ថា​ លោក លី វ៉ា​ហេ​ទ ជា​បុរស​ម្នាក់​ដែល​ល្អ សុភាពរាបសារ មាន​ទំនួល ខុសត្រូវ ជាពិសេស​លើកតម្កើង និង​ផ្តល់​កិត្តិយស​ឲ្យ​នាង​គ្រប់ពេល​តែម្តង​។​ នាង​បន្ថែមថា ​ពេលនេះ​នាង​បានសម្រេច​ច្បាស់​ហើយ​ថា ​ខ្លួន​នឹង​ផ្ញើ​វាសនា​អនាគត​លើ​លោក លី វ៉ា​ហេ​ទ ដោយ​គ្មាន​ការ​រុញរា​ឬ​រារែក​ចិត្ត​នោះឡើយ​ព្រោះ លី វ៉ា​ហេ​ទ ជា​បុរស​ពិត​នៅក្នុង​ចិត្ត​បេះដូង​នាង​បើទោះបីជា​គេ​មាន​វ័យ​ប្អូន​ក៏ពិតមែន​៕​

Related posts