ឃើញ​ពី​ភាព​អយុត្តិធម៌​ពេក! អ៊ឹម ជីវ៉ា ចេញ​មក​ពន្លះ​គ្មាន​ញញើត​មាត់​លើ​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​កាន់ ប​.​ស​.​ស

ភ្នំពេញ ​៖ ​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បន្ទាប់ពី​មានការ​ចុះផ្សាយ​នូវ​ករណី​នារី​ជា​កម្មករ​រោងចក្រ​ម្នាក់​ស្លាប់​ក្រោយពេល​ដែល​មាន​ភាព​អសកម្ម ​និង​មិន​​យកចិត្តទុកដាក់​ពី​ខាង​មន្ទីរពេទ្យ​សុខលាភ​ទួល​សង្កែ​ដែលជា​មន្ទីរពេទ្យ​នៃ​ដៃគូ​សហការ​ជាមួយ​របប​បេឡា​ជាតិ (​ប​.​ស​.​ស​) នោះ​លោក​ក៏បាន​បញ្ចេញ​ប្រតិកម្ម​ពន្លះ​យ៉ាង​ចាស់ដៃ​លើ​មន្ត្រី​មួយចំនួន​ដែល​កាន់​ការងារ​លើ​ផ្នែក​នេះ។

លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​ភ្ជាប់​ជាមួយ​ព័ត៌មាន​នោះ​ថា​ ថ្នាក់ដឹកនាំ​ខាងលើ​គួរ​មាន​វិធានការ​ពួក​គ្រូពេទ្យ​មួយ​ចំនួន​ដែល​កាន់ ប​.​ស​.​ស ពេលខ្លះ​គ្នា​ឈឺ​មិន​ពិនិត្យ អោយ​ថ្នាំ​ប៉ា​រ៉ា​២​គ្រាប់​ទៅវិញ​មិន​ដឹង​ថ្នាក់លើ​ ដែល​កាន់កាប់ ប​.​ស​.​ស មក​ត្រួតពិនិត្យ​មន្ត្រី​ខ្លួន​ខាង​ក្រោម​មាន​ចរិត​បែបណា សម្តី​ឈ្លើយ អសីលធម៌! មើលងាយ​អ្នកជំងឺ។

លោក​បន្ត​ទៀត​ថា បើ​អស់លោក​មិន​ជឿ​បន្លំ​តែងខ្លួន​ធ្វើជា​អ្នក​ស្លៀក​ខោអាវ​រយីករយាក​ដើរ​ចូល​ទៅ​ចូល​ពេទ្យ​ហើយ​ហុច​ប័ន ប​.​ស​.​ស​អោយគេ​ដឹង​ហើយ​ថា​ចរិត​ពេទ្យ​ខ្លះ​សម្តី​យ៉ាង​យ៉ាងម៉េច​។ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​សូម​ឯកឧត្តម​ប្រធាន​ជួយ​ត្រួតពិនិត្យ​កូនចៅ​ខាងក្រោម និង​ប្រជុំ​ជាមួយ​ដៃគូ​​នៃ​មន្ទី​រពេទ្យ​នានា​មួយចំនួន​ដែល​ធ្វើ​កិច្ចសហប្រតិបត្តិការ​​​ជាមួយគ្នា​អោយជួយ​ពង្រឹង​និង​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រី​ផង។

សូមបញ្ជាក់ថា ​ប្រតិកម្ម​របស់លោក អ៊ឹម ជីវ៉ា ខាងលើនេះ​បានធ្វើ​ឡើង​ក្រោយពេល​ដែលមាន​ការចុះផ្សាយ​ថា​ នារី​រងគ្រោះ​ដែលជា​កម្មករ​រោងចក្រ​ម្នាក់​មាន​អា​ការៈមិន​ស្រួលខ្លួន​ហើយក៏​ដួលសន្លប់​នៅក្នុង​រោងចក្រ​ ខណៈពេលដែល​កំពុង​ធ្វើការ​។ ​ភ្លាមៗ​នោះ​ក៏បាន​បញ្ជូនមក​សម្រាក​នៅ មន្ទីរពេទ្យ​សុខលាភ​ទួល​សង្កែ​ដែល​ជា​មន្ទីរពេទ្យ​ដៃគូ​សហការ​ជាមួយ​ប​.​ស​.​ស តែ​ជា​អកុសល​ដោយ​មិនមាន​ការយកចិត្តទុកដាក់​ពី​ខាង​មន្ទីរពេទ្យ​ទើប​បណ្តាល​ឲ្យ​នារី​រងគ្រោះ​នោះ​ បាន​ដាច់ខ្យល់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​តែម្តង។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​០២​ ខែតុលា ​ឆ្នាំ​២០១៩ ​ស្ថិតនៅ​មន្ទីរពេទ្យ​ខាងលើ​ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ​។ ​នារី​រងគ្រោះ​មានឈ្មោះ ឈន ច​ន្ធូ អាយុ​២៤​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​ហើយ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ចំការ​ខាងជើង​ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង៕


Related posts