ស្នងការ​នគរបាល​ខេត្តកំពត ​ព្រមាន​អ្នក​ដែល​ចូលរួម​ផ្ដិត​មេដៃ​ ប្តឹង​សមត្ថកិច្ច​គាំទ្រ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​កំពង់បាយ

​ភ្នំពេញ ​៖​ ដោយ​ទទួល​បាន​ដំណឹង​និង​ព័ត៌មាន​មក​ថា ​គ្រួសារ​របស់​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​កំពង់បាយ​ស្ថិត​ក្នុង​ជាតិ​អាកុល​០,៩៥​កំពុងតែ​កៀរគរ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​ប្តឹង​សមត្ថកិច្ច​ព្រោះតែ​ឃាត់ខ្លួន​ជនបង្ក​បញ្ជូន​ទៅកាន់​តុលាការ​នោះ ​ភ្លាមៗ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទមធុ​រឹទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បានចេញ​ព្រមាន​អ្នក​ដែល​មាន​បំណង​ចូលរួម​គាំទ្រ​។​

ស្នងការ​នគរបាល​ខេត្តកំពត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទមធុ​រឹទ្ធ បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​បែបនេះ​ថា​ កំពុង​ល្បី​ថា ក្រុមគ្រួសារ​ដែល​បើកឡាន​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ស្ពាន​កំពង់បាយ​កាលពី​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​មាន​ជាតិ អាកុល​ក្នុង​ខ្លួន​រហូតដល់​០,៩៥​កំពុង​គៀងគរ​គ្នា​ផ្តិតមេដៃ​ប្តឹង​សមត្ថកិច្ច ឬក៏​ប្តឹង​ខ្ញុំ​ក៏​មិនដឹង ដែល​ឃាត់ខ្លួន​អ្នកបើកបរ​បញ្ជូនទៅ​តុលាការ​។​

លោក​បាន​បញ្ជាក់ថា ​ប្រយ័ត្ន​ខ្លួន​បន្តិច​អ្នក​ដែល​អត់​ដឹង​ច្បាប់ កុំ​ចេះតែ​ផ្តិតមេដៃ​តាម​គេ​តាម​ឯង ដំបៅ​មិន​ឈឺ​កុំ​យក​ឈើ​រុក ប្រឹង​តែ​រកស៊ី​ទទួលទាន​សម្រាប់​គ្រួសារ​ខ្លួនឯង​ទៅ ហើយ​កុំ​ធ្វើ​អ្វីដែល​ខុសច្បាប់ ។ ខ្ញុំ​រង់ចាំ​ស្វាគមន៍​ជានិច្ច អី​ក៏​ខ្លាំង​ដៃ​ម្ល៉េះ​ខុស​ហើយ នៅ​មក​ចង់​ប្តឹង​សមត្ថកិច្ច​វិញទៀត ហាហា​ហា។

សូមជម្រាបថា​ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​២៤ ខែមិថុនា​ឆ្នាំ ២០១៩​កន្លងមកនេះ​គឺមាន​ហេតុការណ៍​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​រវាង​រថ​យន្ត​និង​ម៉ូតូ​បើកបរ​ក្នុងទិសដៅ​​បញ្ច្រាស​គ្នា​ស្ថិតនៅលើ​ស្ពាន​កំពង់បាយ​បណ្តាល​ឲ្យ​មានមនុស្ស​របួស​ ហើយ​ត្រូវបាន​សមត្ថកិច្ច​ហៅ​ឡានពេទ្យ​មក​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល ខណៈ​រថយន្ត​បង្ក​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​ដោះស្រាយ​គ្នា​តាម​ក្រោយ​៕​

Related posts

Leave a Comment