បុរស​ជនជាតិ​អាមេរិក​ម្នាក់​បាន​សារភាពថា​បាន​លួច​សត្វ​ស្វា​ត្រោស​ដ៏​កម្រ​ពី​សួនសត្វ

បុរស​ម្នាក់​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នីញ៉ា​បាន​សារភាព​ពី​កំហុស​កាលពី​ថ្ងៃ​ចន្ទ​ថា​បាន​លួច​ចូលទៅក្នុង​សួនសត្វ​មួយកន្លែង និង​បាន​លួច​យក​សត្វ​ស្វា​ត្រោស​កន្ទុយ​ចិញ្ចៀន​ដែលមាន​អាយុ​ចាស់​បំផុត​នៅក្នុង​ការឃុំ​ឃាំង​នៅ​អាមេរិក​ខាងជើង​ដើម្បី​រក្សា​សត្វ​ដ៏​កម្រ​នេះ​ធ្វើជា​សត្វ​ចិញ្ចឹម។

បុរស​ឈ្មោះ Aquinas Kasbar អាយុ ១៩ ឆ្នាំ​បាន​សារភាព​នៅមុខ​ចៅក្រម​សង្កាត់ Andrew Guilford របស់​អាមេរិក​ថា កាលពី​ថ្ងៃទី ២៧ ខែកក្កដា​ឆ្នាំមុន​រូបគេ​បាន​ប្រើ​ដែក​កាប់​ដើម្បី​កាត់​ប្រហោង​នៅក្នុង​បរិវេណ​នៃ​សត្វ​ស្វា​ត្រោស និង​សត្វ​ស្វា Capuchin នៅ​សួនសត្វ Santa Ana ដើម្បី​លួច​ស្វា Isaac អាយុ ៣២ ឆ្នាំ។

យោងតាម​ឯកសារ​របស់​តុលាការ​បាន​ឲ្យ​ដឹងថា លោក Kasbar បាន​បោះចោល​សត្វ​នៅក្នុង​ថត​ប្លា​ស្ទិ​ច​ដោយ​គ្មាន​ខ្យល់​នៅ​ថ្ងៃ​បន្ទាប់​នៅមុខ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ឆ្នេរ Newport Beach ភាគខាងត្បូង​ទីក្រុង Los Angeles។

សត្វ​ស្វា​ត្រោស​នេះ​ស្ថិតនៅក្នុង​បញ្ជី​នៃ​សត្វព្រៃ​ចំនួន ២៥ ដែល​ជិត​ផុត​ពូជ ហើយ​មាន​អាយុ​អាយុ​ចន្លោះ​ពី ២០ ទៅ ២៥ ឆ្នាំ​គឺជា​កម្មសិទ្ធិ​របស់​សួនសត្វ ហើយ​វា​ត្រូវបាន​គេ​យកទៅ​ឲ្យ​ប៉ូលីស ។​
​នៅ​ទីបំផុត​សត្វ​ស្វា​ត្រោស Isaac ត្រូវបាន​ត្រឡប់មក​សួនសត្វ​វិញ​ដោយ​មិនមាន​គ្រោះថ្នាក់​នោះទេ។

លោក Kasbar ប្រឈមមុខ​នឹង​ការជាប់គុក​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០០,០០០ ដុល្លារ​ចំពោះ​ការកាត់ទោស​របស់គាត់​នៅ​ថ្ងៃទី ២៨ ខែតុលា។ គាត់​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា​ជា​អ្នកទោស បន្ទាប់ពី​ប៉ូលីស​ក្រុង Newport Beach ស៊ើបអង្កេត​ពី​ការ​លួច​ផ្ទះ​ជាច្រើន​កន្លែង​ដែល​គាត់​ត្រូវបាន​គេ​ចោទប្រកាន់ថា​ជា​ចោរលួច។

យោងទៅតាម​អ្នកវិទ្យាសាស្ដ្រ​អាមេរិក​បាន​ឲ្យ​ដឹងថា មាន​សត្វ​ស្វា​ត្រោស​កន្ទុយ​ចិ​ញ្ជៀ​ន​ត្រឹមតែ​ចន្លោះ​ពី ២,០០០ ឬ ២,៤០០ ក្បាល​ប៉ុណ្ណោះ​នៅសល់​ក្នុងប្រទេស​ម៉ា​ដា​ហ្គា​ស្ការ​ដែលជា​ប្រទេស​ដើមកំណើត​របស់​ពួកវា ដែល​ថយចុះ ៩៥ ភាគរយ​ចាប់តាំងពី​ឆ្នាំ ២០០០ មក៕

Related posts

Leave a Comment