ឆៃ លីដា​ឡែ​ន ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​កណ្ដាល​អធ្រាត្រ

ភ្នំពេញ ​៖​ តារា​ចម្រៀង​ស្រី​អ្នកនាង​ឆៃ លីដា​ឡែ​ន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រោយ​ពេលដែល​បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​មក​បុក​រថយន្ត​ខ្លួន​បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ពីមុខ​។​ចំណែកឯ​ម្ចាស់​ម៉ូតូ​ បាន​រង​របួស​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ហេតុការណ៍​នេះ ​បាន​កើត​ឡើ​ត​តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប ត្រង់ចំណុច​មុខ​អូ​តែ​ល​សុខា ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០១​ខែសីហា ឆ្នាំ​២០១៩។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​នៅមុន​​​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​១​គ្រឿង​ម៉ាក​PCX​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1DB-7534 បើក​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ដោយ​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើតហេតុ​ ក៏បាន​បន្ថែម​ល្បឿន​បើក​ជែង​ជាមួយ​រថយន្ត​ស៊ិន​ទ្រី​ដឹក​សំរាម​១​គ្រឿង​ទើប​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​របស់​អ្នកនាង ឆៃ លីដា​ឡែ​ន ដែល​ចត​ទុកចោល​បណ្ដាល​ឲ្យ​ខូចខាត​ផ្នែក​ពីមុខ​យ៉ាង​ដំណំ។

ប្រភព​បាន​បន្ត​ថា ​រថ​យន្ត​របស់​តារា​ចម្រៀង​អ្នកនាង ឆៃ លីដា​ឡែ​ន ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-1394។ ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ ចុះទៅ​ដល់​ហើយ​ភាគី​ទាំងសងខាង​ក៏បាន​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ភាគី​និង​ក្រុមគ្រួសារ​ខាង​ម៉ូតូ​បង្ក​បានទទួល​កំហុស​ និង​សុំទោស​ទៅលើ​ម្ចាស់​រថយន្ត​គឺ​កញ្ញា ឆៃ លីដា​ឡែ​ន៕

Related posts

Leave a Comment